ថ្នាក់ដឹកនាំខេត្តរតនគិរី ធ្វើពិធីសែនព្រេនម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នាធ្វើពិធីសែនព្រេនម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧0 គ.ស២០២៦។

ពិធីសែនព្រេនតាមបែបព្រហ្មមាញ់សាសនានេះ បានប្រព្រឹត្តទៅ នៅទីអាសនៈលោកតា ប៊ួ ជួង (លោកតាបឹងកន្សែង) លោកតាបឹងយក្ខឡោម (លោកតាឡោន) ព្រះពុទ្ធរូប ព្រះអង្គបរិនិពាន្តនិងព្រះពុទ្ធរូបអង្គធំ នៅលើកកំពូលភ្នំឥសីបតម:។

ការធ្វើពិធីសែនព្រេនបួងសួងនេះ គឺរដ្ឋបាលខេត្តរតនគិរី តែងតែធ្វើឡើងតាមទម្លាប់ជារៀលរាល់ឆ្នាំ ក្នុងឱកាសនៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងធ្វើឡើងដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទៅ និងការអភិវឌ្ឍកាន់តែមានភាពរីកចម្រើនថែមទៀត ក្នុងខេត្តរតនគិរី ក៏ដូចជាការបួងសួងសុំឱ្យប្រទេសជាតិ មានសុខសន្តិភាពជារៀងរហូត យូរអង្វែង និងសេចក្ដីសុខដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ មកទស្សនាកម្សាន្ត នៅទឹកដីខេត្តរតនគិរីឱ្យទទួលបាននូវសុខសុវត្ថិភាពគ្រប់ប្រការផងដែរ។

ហើយក៏សូមបួងសួង សុំឲ្យទេវតាឆ្នាំថ្មី ឆ្នាំមមី និងបារម៉ី វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សា ឃុំគ្រងក្នុងទឹកដីខេត្តរតនគិរី តាមជួយថែរក្សា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ តរៀងទៅ។

គួររំលឹកថា ការធ្វើពិធីបួងសួងនេះធ្វើឡើងគឺស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិសេរីភាពទូលំទូលាយនូវជំនឿសានាផ្សេងៗគ្នា ដែលដូនតាបានបន្សល់ទុក ដើម្បីគោរពរៀងៗខ្លួន របស់ប្រជាពលរដ្ឋ។ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានរួមគ្នាធ្វើពិធីបួងសួងនាពេលនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងការងារស្នូលពោលគឺការអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋក្នុងខេត្ត។

សកម្មភាពទាំងនេះ ក៏ជាចំណែកមួយដែលបានរួមជាមួយប្រជាជនយើង គ្រប់រូបដែលតែងតែបានបន់ស្រន់ប្រាថ្នាសុំជួបតែសេចក្ដីសុខគ្រប់ប្រការ និងក៏ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាផងដែរ។ ពិសេសសូមឱ្យប្រទេសជាតិយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍបានកាន់តែរីកចម្រើន ជានិរន្តតទៅមុខទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំនាវាកម្ពុជា៕