សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំសង្គមជាតិ ទទួលបាន នូវវឌ្ឍនភាពថ្មីៗថែមទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរបំផុត ចំពោះគំរូវីរភាព និងឆន្ទៈប្រកបដោយមនសិការស្នេហាជាតិ របស់ សម្តេច វិបុលសេនាភក្តី ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិក្នុងការលើកកម្ពស់ការអនុម័តច្បាប់ ការអភិវឌ្ឍ និងពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា រហូតដល់បច្ចុប្បន្ន។

ជាមួយនេះដែរសម្តេច រួមនឹងឥស្សរជនកំពូលៗនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលពោរពេញដោយបទពិសោធន៍ និងនីតិកោសលជ្រៅជ្រះ ថ្វាយយោបល់លើព្រះរាជកិច្ចដឹកនាំសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនេះសម្តេចនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍ សង្គមទាំងមូល។

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕