ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៦ នេះបានប្រារព្ធពិធីសែនទទួលទេព្តាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលពិធីនេះធ្វើឡើងនៅសួនច្បារ មុខសាលាខេត្តកំពង់ចាម ។
បើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល បានឲ្យដឹងថា មហាសង្ក្រាន្ដឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សង្ក្រាន្តចូលនៅថ្ងៃអង្គារ ១២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង១០៖៤៨នាទីព្រឹក។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធិតាមួយ ព្រះអង្គជាមគ្គនាយិកា ព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ។
ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ៕






