នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវារៈឡើងស័ក ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញ រាប់បាត្រព្រះសង្ឃចំនួន៧៩អង្គ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស២០២៦ នៅទីតាំងបរិវេណមុខសាលាខេត្ត ដើម្បីឧទ្ទិស កុសលផលបុណ្យ ជូនដល់ បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងវីរកងទ័ពដែលពលីជីវិតនៅក្នុងសង្គ្រាម។
ជាធម្មតាតាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី តែងតែនាំគ្នាទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការៈបូជា អុជទៀនធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ ក្នុងនោះពិធីរាប់ បាត្រ ព្រះសង្ឃ ជាប្រពៃណីខ្មែរយើងពីបរមបុរាណមក ដោយការរាប់បាត្រ គឺដើម្បីបញ្ជូនមគ្គផល ដល់ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅហើយ ពោលការរាប់បាត្រក៏ជាចង្ហាន់ដល់ព្រះសង្ឃផង និងឱ្យព្រះ សង្ឃឧទ្ទិសកុសលដល់បុព្វការីជនមានមាតា បិតា ជីដូនជីតា ដែលបានចែកឋានទៅកាន់ លោកខាងមុខផង ជាពិសេសនៅឆ្នាំនេះ គឺឧទ្ទិសកុសល ដើម្បីសម្ដែងនូវការដឹងគុណដ៏ធំធេង របស់វីរកងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីជីវិតក្នុងបុព្វ ហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
បើតាមទំនៀមទម្លាប់ពីដូនតាមក ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺប្រព្រឹត្តទៅរយៈពេលចំនួន ៣ថ្ងៃ ដោយថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វិរៈវ័នបត និងថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក រីឯការកំណត់ខែថ្ងៃម៉ោងនាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយ ទេព្តាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់ នោះគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត ៕











