ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ ខណៈនាថ្ងៃទី១៩ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិជាង ១លាន ៤សែននាក់ បានបន្តមកលេងកម្សាន្ត។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្ត និងចូលរួមអបអរសាទរ ចំនួន ១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ចំនួន ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។
លោកស្រី ដោ សម្ផស្ស បានបន្តថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែ សម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង ១លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី១៧ មានចំនួន ១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។
ដោយឡែករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង ៤លាននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។ ក្នុងនោះសម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់។ នេះបើតាមលោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
សរុប៦ថ្ងៃ ទាំងពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍នរគសង្ក្រាន ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសហការដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញទាំង ៦ទីតាំង និងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៩លាននាក់។
ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ៦ថ្ងៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនមហាជនជាង ២ពាន់នាក់ លើករណីស្រាលៗផ្សេងៗគ្នា។រយៈពេល៦ថ្ងៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងមន្ត្រីសុខាភិបាល ប្រចាំការការពារសុខភាព ជូនមហាជនចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងនោះបានពិនិត្យ និងព្យាបាល ជំងឺស្រាលៗចំពោះករណីផ្សេងៗគ្នា បាន ចំនួន ២ ៣៧៩នាក់។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិហើយនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋផងដែរ។
ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ ការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ ដែល បានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានក្រុមប្រចាំការតង់សង្គ្រោះបឋម ចំនួន ១០កន្លែង (កម្លាំង ៥០នាក់/១ថ្ងៃ), ក្រុមរថយន្តយន្តគិលានសង្គ្រោះ ចំនួន ១២ក្រុម/១ថ្ងៃ (កម្លាំង ៣៦នាក់/១ថ្ងៃ), ក្រុមចល័តក្នុងហ្វូងមហាជន ចំនួន ២៦ក្រុម (កម្លាំង ៥២នាក់/១ថ្ងៃ) និងប៊ូតសង្គ្រោះបឋមចំនួន ចំនួន១កន្លែង/១ថ្ងៃ (អាកាសយានដ្ឋានពោធិ៍ចិនតុង) មានកម្លាំង ៣នាក់/១ថ្ងៃ និងគណៈកម្មការសម្របសម្រួល ចំនួន ៦៥នាក់/១ថ្ងៃ ។
ទន្ទឹមនឹងនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។
ជាមួយគ្នានេះដែរ ក៏មានការអរគុណ និងកោតសរសើរដល់អាជ្ញាធរ និងគណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង ក្នុងរយៈពេល៦ថ្ងៃ នៃព្រឹត្តិការណ៌«នគរសង្ក្រាន» នៅរាជធានីភ្នំពេញ ពីថ្ងៃ១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសជូនប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែការពារសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរដែនដី៕








































