ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធី «រត់ដើម្បីក្ដីស្រឡាញ់» ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់ កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងថា ការរៀបចំកម្មវិធី «រត់ដើម្បីក្ដីស្រឡាញ់» ធ្វើឡើងដើម្បីបង្កើននូវស្មារតីសាមគ្គីជាតិចូលរួមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រដល់វីរកងទ័ពការពារទឹកដី។
លោក បូរ ពុធរាត្រី បានបន្តថា កម្មវិធីនេះក៏ជាព្រឹត្តិការណ៍មួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើនឡើង ព្រមទាំងជួយផ្សព្វផ្សាយ គាំទ្រដល់ផលិតផលខ្មែរ និងតម្លៃវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាចូលរួមរត់កម្សាន្តសប្បាយ។ កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ធ្វើឡើងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម សុខ លូ បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះឡើងដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ។
ឯកឧត្តមអភិបាលខេត្តបានបង្ហាញការរំពឹងថា កម្មវិធីនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយផ្សារ ភ្ជាប់ជាមួយសកម្មភាព មនុស្សធម៌។
សូមបញ្ជាក់ថា កម្មវិធីរត់ដើម្បីសប្បុរសធម៌គ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងក្រុងបាត់ដំបង ហើយការចុះឈ្មោះចូលរួម អាចធ្វើការចុះឈ្មោះដោយផ្ទាល់ ឬតាមរយៈតំណភ្ជាប់បរិច្ចាគ ដោយសប្បុរសធម៌ ខណៈអ្នកចូលរួមទទួលបានអាវយឺត លេខសម្គាល់ និងការទទួលទានទឹកសុទ្ធ ឬទឹកផ្លែឈើដោយឥតគិតថ្លៃ។
ថវិកា និងសម្ភារដែលទទួលបានពីការបរិច្ចាគ នឹងត្រូវយកទៅជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕




















