ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ លើកទី២ ជំនាន់ទី២៦ ជូនសមាជិក សមាជិកាគណបក្សស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ វគ្គអប់រំនេះ ដោយមានការចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ, ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៃស្រុកសាមគ្គីមានជ័យ សរុបចំនួន ៥១៩រូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ។
នាឱកាសនេះដែរ ឯកឧត្តម ពៅ ស៊ីថា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ និងបានបញ្ជាក់ថាវគ្គអប់រំនយោបាយ កម្រិត១ លើកទី២ ជំនាន់ទី២៦ ត្រូវបានរៀបចំឡើងដោយមានសិក្ខាកាមចូលរួមរៀនសូត្រ ជាសមាជិក សមាជិការបស់គណបក្សមកពីសាខាគណបក្ស ស.២៧ មណ្ឌលសុខភាព វិទ្យាល័យ អនុវិទ្យាល័យ និងសាខាគណបក្សឃុំ និងភូមិ សរុបចំនួន ៤៦៩រូប ស្រី ២១៧រូប។
ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានវ័យចំណាស់ជាងគេ ដែលមានអាយុកាល ៧៥ឆ្នាំហើយ ដោយបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ៧ មករា ១៩៧៩ និងបានកសាងប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានយុវជនបន្តវេនប្រកបដោយភាពឈ្លាសវៃក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ និងបានកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០»។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារអប់រំនយោបាយគណបក្ស គឺជាការងារមួយដែលមានសារសំខាន់ និងចាំបាច់បំផុតដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីឆ្លើយតបទៅនឹងសំណូមពរ តម្រូវការ ស្ថានការណ៍ សភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះ ការងារអប់រំនយោបាយគណបក្ស ជាថ្នាលដ៏សំខាន់មួយក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នកម្លាំងបន្តវេនគណបក្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង ពង្រីក និងពង្រឹងគណបក្សទាំងការងារនយោបាយ ការងារសតិអារម្មណ៍ និងការងារចាត់តាំង ដើម្បីធានាជោគជ័យជូនគណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាថ្មីម្ដងទៀត ឯកឧត្តម បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់គណៈរៀបចំវគ្គ ក៏ដូចជាសិក្ខាកាមទាំងអស់ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តនៅក្នុងអំឡុងពេលដំណើរការវគ្គ ដើម្បីជាការរួមចំណែកធានាឱ្យវគ្គអប់រំនយោបាយគណបក្ស កម្រិត១ លើកទី២ ជំនាន់ទី២៦ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕




























