រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណអាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម អ្នកកាន់សាសនា និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថានទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធផលសម្រាប់វិស័យបរិស្ថានគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នោះត្រង់ថា បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗនៃពិធីបុណ្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សមិទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹង របស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន។ នេះក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមថ្លែងការកោតសរសើរដល់ស្មារតីឯកភាពជាតិនេះ ហើយសូមអំពាវនាវជាថ្មីបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃសម្រាប់យើងទាំងអស់គ្នា។ យើងកំពុងរួមគ្នា កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត បៃតង និងមាននិរន្តរភាពជាងមុន៕