វេទិកាសន្ទនាធុរកិច្ច ឆ្នាំ២០២៦៖ បន្តពង្រឹងសសរស្តម្ភសេដ្ឋកិច្ច និងតភ្ជាប់ខ្សែចង្វាក់តម្លៃរវាងកម្ពុជា-វៀតណាម


នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសហការជាមួយសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំ «វេទិកាសន្ទនាធុរកិច្ច ឆ្នាំ២០២៦» ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ ចែករំលែកបទពិសោធន៍ រវាងសហគ្រិនជំវិញសកម្មភាពវិនិយោគ អាជីវកម្មនៅទីផ្សារកម្ពុជា លើកកម្ពស់សកម្មភាពវិនិយោគនិងអាជីវកម្ម របស់សហគ្រិនវៀតណាម នៅប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរនាពេលខាងមុខ។

វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងវាគ្មិនកិត្តិយសដូចជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ហូ ស៊ីយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាគាំពារពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគម VCBA ព្រមទាំងតំណាងសហគ្រាសមកពីវិស័យចម្រុះជាង ២០០រូប។

នៅក្នុងវេទិការនោះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសង្កត់ធ្ងន់លើទិសដៅនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្តវៀតណាម ក្នុងការលើកកម្ពស់ការងារបរទេស ដែលក្នុងនោះវិស័យសេដ្ឋកិច្ចជាភារកិច្ចស្នូល ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតពីរខ្ទង់ និងប្រែក្លាយវៀតណាមជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៤៥។

លោកទូតវៀតណាមបានអះអាងថា វៀតណាមមានបំណងបន្តជំរុញការតភ្ជាប់លើគ្រប់វិស័យជាមួយកម្ពុជា ចាប់ពីវិនិយោគទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម រហូតដល់សេដ្ឋកិច្ចឌីជីថល។ លោក Nguyen Minh Vu មក៏រំលឹកដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡាំ អគ្គលេខាធិការបក្ស កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងភាពស៊ីសង្វាក់នៃសេដ្ឋកិច្ច ដោយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង និងតំណាងភាគីកម្ពុជា បានចាត់ទុកកិច្ចសន្ទនានេះថាជាវេទិកាសំខាន់ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំទាំងពីរបានកំណត់។ លោកបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាការសម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តាន់ណាម និងការរៀបចំតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ហូជីមិញ-ម៉ុកបៃ។ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ និងលើកទឹកចិត្តឱ្យសហគ្រាសវៀតណាមពង្រីកការវិនិយោគលើវិស័យបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងកសិកម្មកែច្នៃ។

ជាមួយគ្នា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ក្នុងការថែរក្សា និងពង្រីកសកម្មភាពវិនិយោគតាមរយៈយន្តការសន្ទនារដ្ឋ-ឯកជន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់ធុរកិច្ចជន។

ចំណែកឯឯកឧត្តម ហូ ស៊ីយ៉ុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាគាំពារពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីឧត្តមភាពយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងមជ្ឈមណ្ឌលអាស៊ាន និងទីផ្សារនាំចេញដ៏ធំតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នានា។

គួររំលឹកថានៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបង្កើតកំណត់ត្រាថ្មីក្នុងតម្លៃ ១១,៣ ពាន់លានដុល្លារ ហើយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបាន ៣,៤៤ពាន់លានដុល្លារ ដែលធ្វើឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កម្ពុជា៕