អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនភរិយា និងកូនៗ វីរកងទព័ ជួប ថុន និងអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយខ្យល់កន្រ្តាក់៦៥គ្រួសារ នៅស្រុកថ្មគោល


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត អមដោយ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោលក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត និងយុវជន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៥ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន។

ព្រមជាមួយគ្នានេះ ឯកឧត្តមថែមទាំងបានជួបសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះសរុបចំនួន៦៥គ្រួសារ ក្នុងនោះគ្រួសារទីទ័លក្រ មានចាស់ជរាគ្មានទីពឹង ជនមានពិការភាពចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៣គ្រួសារ មកពីភូមិចំនួន១២ភូមិលើកឃុំចំនួន៧នៃស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពិធីនេះប្រារព្វធ្វើនៅភូមិថ្មគោលគោលត្បូង ឃុំតាពូង ស្រុងថ្មគោល។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជា ទាំងអស់ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។

ជាមួយគ្នានេះដែលឯកឧត្តមបានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ។ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា « កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

លោកស្រី ទូច រ័ត្ន និងកូនៗបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេនិងបានប្តេជ្ញាចិត្តថានឹងថែរក្សាអោយបានគង់វង្សយូអង្វែងនិងខិតខំប្រកបមុខរបនិងចិញ្ចឹមបីបាត់ថែរក្សាកូន ឱ្យបានរៀនសូត្រ ទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២៥ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ មានទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។

សូមជម្រាបផងដែរថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលស្រុក សប្បុរជន និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។

ដោយឡែកលោកយាយ លោកតា និងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៤៣គ្រួសារ ដោយមួយទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១២យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេស និងឃីត១កញ្ចប់ផងដែរ៕