មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត​ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តព្រះវិហារ


រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម គីម រិទ្ធី បាន​លើកឡើងថា​ ដោយមានការតម្រង់ទិស ចង្អុលបង្ហាញពីឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារទប់ស្កាត់ បោសសម្អាត បង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាសម្រេចបានលទ្ធផល និងចំណុចខ្លាំង ជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងថា​ នៅក្នុងភូមិសាស្ត្រខេត្ត មានអគារកាស៊ីណូនៅជាប់ព្រំដែនចំនួន២ទីតាំង ដែលមិនមានដំណើរការសកម្មភាពរួមមាន៖ ទីតាំងទី១ របស់ក្រុមហ៊ុន ទ្រី ភាព ដែលមិនទាន់បានដំណើរការ មានទីតាំង ស្ថិតនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានកងទ័ពថៃ ហ៊ុំព័ទ្ធយកដោយខុសច្បាប់។ ទីតាំងទី២ របស់ក្រុមហ៊ុន ស៊ីយឿន សុវណ្ណ មានទីតាំង ជាប់នឹងព្រំដែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងភូមិ កំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ដែលបានបិទមិនដំណើរ។

ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១លើក នៅចំណុចក្រុមហ៊ុន ស៊ីយឿន សុវណ្ណ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ សម្រេចបានលទ្ធផល​ល្អ​ប្រសើរ​ក្នុង​នោះ​បានកាត់ផ្តាច់ខ្សែ Internet និងខ្សែភ្លើងទាំងស្រុង បុគ្គលិកបម្រើការងារក្នុងទីតាំងកាស៊ីណូចាកចេញអស់​ ពុំបន្សល់ទុកវត្ថុតាង កុំព្យូទ័រ ឬទូរស័ព្ទទេ។ បានបិទសៀល គ្រប់អាគារទាំងអស់ និងបិទប្រតិបត្តិការមួយរយ ភាគរយ រួមមាន៖ អគារប្រតិបត្តិការ ៥អគារ ស្មើនឹង ១១៥បន្ទប់, អគារស្នាក់នៅ ២អគារ ស្មើនឹង ១៥៦បន្ទប់, បន្ទប់ស្នាក់នៅ កុងទីន័រ ៤០បន្ទប់, អាហារដ្ឋាន ៣អគារតូចៗ និងហាងលក់ ទំនិញ ១កន្លែង។លោកបញ្ជាក់​ថា​ បន្ទាប់ពីបានបង្ក្រាបទីតាំងសង្ស័យខាងលើនេះ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពុំមានទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។

ថ្លែងនៅ​ក្នុង​ឱកាស​នោះឯកឧត្តម​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​ទាំងអស់​ ត្រូវ​បន្ត​ជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏​ដូច​ជា​ណែនាំ​អំពី​ល្បិចកល និងវិធីការពារខ្លួនដល់សាធារណជន ប្រជាពលរដ្ឋ ជាពិសេសយុវជន អោយ​បានទូលំទូលាយ។

កម្លាំងនគរបាលជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវ​សហការ​គ្នា​អោយ​បាន​ល្អ ក្នុងការបែងចែកការ ទទួលខុសត្រូវ ដើម្បីគ្រប់គ្រង កំណត់ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ត្រូវ​ពង្រឹងការត្រួតពិនិត្យការស្នាក់នៅ ការហូរចូល និងធ្វើការងាររបស់ជនបរទេសឱ្យស្របតាមច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងណែនាំឱ្យអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធីសាស្ត្រការពារ និងការប្រុងប្រយ័ត្ន ព្រមទាំងលើកកម្ពស់ការចូលរួមរាយការណ៍ករណីសង្ស័យ ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបអំពើឆបោកឱ្យមានប្រសិទ្ធភាពខ្ពស់។គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវ​ប្រើប្រាស់ «វិធានការសរុប កម្លាំងសរុប ក្នុងការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាប និងមធ្យោបាយសរុប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទល្មើសឆ្លងដែន និង បទល្មើសផ្សេងៗទៀតអោយមាន ប្រសិទ្ធ​ភាព​ខ្ពស់​៕