រដ្ឋមន្ត្រី ហួត ហាក់៖ «អ្នកចេះ គឺជាប់» ការប្រឡងត្រូវតែមានតម្លាភាព យុត្តិធម៌ និងផ្អែកលើគុណភាពជាចម្បង


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះហត្ថលេខាប្រកាសលទ្ធផលវិញ្ញាសាសរសេរ នៃការប្រឡងជ្រើសរើសបេក្ខជន និងបេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស។

ការប្រឡងនេះមានគោលបំណងជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និងមានគុណភាពខ្ពស់ ដើម្បីចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍ បម្រើដល់ការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះសំខាន់ក្នុងការលើកស្ទួយគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញរបស់គោលដៅទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងបន្តពង្រឹងការបណ្តុះបណ្តាល និងការត្រួតពិនិត្យគុណភាពមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីធានាថាមានវិជ្ជាជីវៈ សុចរិតភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់បទពិសោធន៍ដ៏ល្អដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕