ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម​ កង ណែម នៅគេហដ្ឋាន   


(ខេត្តត្បូងឃ្មុំ)នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ​ប្រធានផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ​សុខ​ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ ឯកឧត្តម​ កង ណែម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

ក្នុងឱកាសនោះ​ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់​ឯកឧត្តម កង ណែម ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាលសម្ដេចតេជោ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះប្រទេសជាតិមាតុភូមិ។

 

ឯកឧត្តម កង ណែម​ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ​សូមសម្ដែងកតញ្ញុតាធម៌ និងសេចក្ដីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ​ ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់​ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា»។​

ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត និងសម្ដេច ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ ឯកឧត្តម​ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ ការកសាង និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន មានដូចជា៖

ក.ការងារគណបក្ស ឯកឧត្តម បានក្លាយជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ក្នុងមហាន្និបាតលើកទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៩។

ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១)ឆ្នាំ១៩៧៨ វគ្គអប់រំទ្រឹស្ដីគ្រប់គ្រង ចាត់តាំង និងសេដ្ឋកិច្ច ចំនួន៤វគ្គ រយៈពេល២ខែ នៅទីក្រុងហូជីមិញ ២)ឆ្នាំ១៩៨០រៀនវគ្គអប់រំទ្រឹស្ដី ទស្សនវិជ្ជា គ្រប់គ្រង ចាត់តាំង យុវជន កុមារ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅសាលាយុវជនជាន់ខ្ពស់ វីលហែមពិច ប្រទេសអាល្លឺម៉ង់ ៣)ឆ្នាំ១៩៨២ វគ្គអប់រំទ្រឹស្ដី ទស្សនៈវិជ្ជា គ្រប់គ្រង ចាត់តាំង ដឹកនាំ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

គ.ប្រវត្តិការងារ រួមមាន៖ ១)ឆ្នាំ១៩៧៩ ចូលរួមរណសិរ្យរួបរួមជាតិកម្ពុជា ២)ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៨៥ ជាអនុប្រធានយុវជនសង្គ្រោះជាតិកម្ពុជា ៣)ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម ៤)ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៩០ អនុប្រធានគណៈចាត់តាំងថ្នាក់កណ្ដាល ៥)ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២ អនុប្រធានទូរលេខសម្ងាត់ក្រសួងមហាផ្ទៃ ៦)ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៣ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៧)ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៤ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៨)ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៩)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៨ ទីប្រឹក្សាសម្ដេច ហ៊ុន សែន ១០)ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៤ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១១)ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១២)ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជាទីប្រឹក្សារាជរដ្ឋាភិបាល។

 

ជាងនេះទៅទៀត ឯកឧត្តម​​ បានចែករំលែកបទពិសោធ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

1. ​​​យុវជនត្រូវរួមសាមគ្គីគ្នាជាធ្លុងតែមួយ គ្រប់កាលៈទេសៈក្រោមការដឹកនាំរបស់គណបក្ស។

2. យុវជនត្រូវចេះស្រលាញ់ រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរឹងមាំការពារប្រទេសជាតិ។

3. យុវជនត្រូវរួមចំណែកកាតព្វកិច្ចការពារជាតិ ការពារសន្តិភាព សន្តិសុខសង្គម។

4. យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​)។

5. វប្បធម៌នៃការសួរសុខទុក្ខ ជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង សំណូមពរឱ្យបន្តបំផុសសកម្មភាពនេះ បានទូលំទូលាយដល់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងរាជធានីខេត្ត។

 

ឯកឧត្តមប្រធានប្រតិភូ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ​ ការខិតខំប្រឹងប្រែង របស់ឯកឧត្តម ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះឯកឧត្តម​ កង ណែម និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕