ខេត្តកំពង់ធំ៖ នាព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញបន្តជាជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ធំ » ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., ឯកឧត្តមប្រធានយុវជនគណបក្សខេត្តកំពង់ធំ , ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែនចំណុះ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ សរុបអ្នកចូលរួមប្រមាណ ចំនួន ៥០០ រូប។
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីធ្វើការពង្រឹងនូវសតិអារម្មណ៍និង ទំនុកចិត្តជឿជាក់របស់យុវជនគណបក្ស ចំពោះការដឹកនាំនិងថ្នាក់ដឹកនាំក្នុងនាមជាគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តកំពង់ធំ សម្រេចបាននាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបណ្ឌិតប្រធាន បានគូសបញ្ជាក់ពីគោលជំហរ និងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស ក៏ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ និងក្រោយពេលអនុវត្តបទឈប់បាញ់ មានជាអាទិ៍ ការថែរក្សាអាយុជីវិតបងប្អូនប្រជាជន, ការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ។ ជាពិសេស ក៏នាមអំពាវនាវដល់យុវជនគណបក្សទូទាំងប្រទេស ចូលរួមផ្សព្វផ្យាយព័ត៌មាននៅតាមគ្រប់បណ្តាញសង្គមពីការពិត និងសោដនាដ្ឋកម្មនៃការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់ឱ្យដល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ច្បាស់ពីការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអង្គវេទិកាពីការប្តេជ្ញាចិត្ត និងការខិតខំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់លំនៅដ្ឋាននិងដីថ្លីរបស់ខ្លួន និងជំហរយ៉ាងម៉ុតម៉ាំរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវទឹកដីដែលត្រូវកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃនិងទាហ៊ានថៃដោយមិនមានការយល់ព្រមដោះដូរអ្វីមួយនោះទេ។
ឯកឧត្តមបណ្ឌិតប្រធាន ក៏បានអំពាវនាវនិងបំផុសឱ្យយុវជនគណបក្សនៃអង្គវេទិកានោះ ដែលជាអ្នកបន្តវេនរបស់គណបក្ស និងជាកោសិការបស់ប្រទេសជាតិ សូមចូលរួមលើកជាមតិ, សំណួរ, សំណូមពរ, និងក្តីចម្ងល់នានា ទាំងក្នុងក្របខ័ណ្ឌក្នុងប្រទេសនិងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងក្នុងស្មាតីភាពលើកកម្ពស់ភាពស្និទ្ធស្នាលនិងការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំគណបក្ស និងមន្រ្តីអនុវត្តផ្ទាល់ក្នុងថ្នាក់មូលដ្ឋាន ដែលជាខឿនមហាគ្រួសារដ៏រឹងមាំនៃជាតិខ្មែរជាធ្លុងមួយ។
ដំណើរការវេទិកានោះបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់, សំណួរ, និងសំណូមពរជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជនគណបក្សខេត្ត ដោយផ្តោតជាសំខាន់ ពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះឈ្លានពានព្រំដែនរបស់ថៃ, ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់សុវត្ថភាព, ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលើវិស័យកសិកម្ម, យុទ្ធនាការបោសសម្អាត Scan Online,ច្បាប់កាតព្វកិច្ចយោធា, និងបញ្ហាព្រមទាំងសំណូមពរក្នុងមូលដ្ឋានផ្ទាល់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។
ស្ថិតក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអបរំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស។
២. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង
ពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។
៣. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
៤. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក។
៥. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក គាំទ្រលើកទឹកចិត្តស្មារតីការពារទឺកដី រួមកម្លាំងជុំវិញរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
៦. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន។
៧. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់, អុជអាល, លាភព័ណ៌, មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា និងមុតស្រួច។
៨. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវក្តាប់ឱ្យជាប់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដោយខិតខំត្រៀមលក្ខណៈសម្បត្តិសំដៅធានាឱ្យបានជោគជ័យនូវការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕


