ក្រសួងព្រះបរមរាជវាំង៖ ស្ថានភាពព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះបានប្រសើរបន្តិចជាងមុន


(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំងមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប៖ ស្ថានភាពព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះបានប្រសើរបន្តិចជាងមុនក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំដោយលោកលោកសីសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកៗនិងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកាដែលពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយព្យួរសេរ៉ូមឆ្លុះអេកូព្រះទរព្រះបាទនិងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទន្ទឹមនេះដែរវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀតដើម្បីពិនិត្យតាមដាននិងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសូមថ្លែងអំណរព្រះគុណនិងអរគុណថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែបានថ្វាយព្រះពរនិងបួងសួងសូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។