ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដោយផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក Strahan Lim តំណាងលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា,លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, លោក Louis Leonard Arul អនុប្រធានតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airline និងអ្នកឧកញ៉ា ឧកញ៉ា សមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនថា តាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានយកឱកាសនេះជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។
ឯកឧត្តម ហួត ហាក់ មានទំនុកចិត្តថា យុទ្ធនាការខាងលើ រួមជាមួយការចុះហត្ថលេខាលើអនុស្សរណៈនែការយោគយល់គ្នានេះ នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង៕










