រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងគម្រោងដៃគូអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនឯកជន និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៣៤៧រូប។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់មន្រ្តីបច្ចេកទេសក្រសួង មន្ត្រីបច្ចេកទេសតាមបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អ្នកទទួលការអនុវត្តគម្រោង លើការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព ជាពិសេសការសិក្សា ស្រាវជ្រាវ និងសាកល្បងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលស្របទៅតាមនិន្នាការ និងបរិបទជាក់ស្តែង ដែលឆ្លើយតបទៅនឹងការថយចុះនូវវត្ថុធាតុដើម នាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះសិក្ខាសាលានេះផងដែរ គឺជាការពង្រឹងសមត្ថភាពក្នុងការអនុវត្តកម្មវិធីអាទិភាពទី១ របស់ក្រសួង ដែលផ្តោតសំខាន់លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បីតភ្ជាប់ និងធ្វើឱ្យមានសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទៅកាន់ទីក្រុង ព្រមទាំងអាចផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទស្របនឹងពាក្យស្លោក “មានផ្លូវ មានសង្ឃឹម” ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។
សិក្ខាសាលាបានដំណើរការដោយផ្ដោតលើការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗ ចំនួន ៩ រួមមាន៖ ទី១៖ ផលិតផល Beton Block and Pave, ទី២៖ Fiberglass rebar, ទី៣៖ សំណង់ស្ពាន (Bridge Construction), ទី៤៖ ផលិតផលបេតុងចាក់ស្រាប់ (Precast Concrete Products), ទី៥៖ ផលិតផលកៅស៊ូក្រាលថ្នល់, ទី៦៖ កៅស៊ូបេតុងត្រជាក់ (Cold Mix Asphalt), ទី៧៖ បច្ចេកទេសការពង្រឹងគុណភាពដី ទី៨៖ ដំណោះស្រាយសំណង់សម្រាប់ស្ពានសាងសង់ថ្មីនិងការជួសជុល និងទី៩៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ។ បន្ទាប់ពីសិក្ខាសាលាបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករយៈពេល១ថ្ងៃពេញ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញធ្វើរបាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលាដោយបានបញ្ជាក់ជូនថា សិក្ខាសាលាបានដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ដែលមានការចូលរួមយោបល់ និងការពិភាក្សា ក៏ដូចជារំលែកបទពិសោធន៍ល្អៗ ដែលជាធាតុចូលបន្ថែមទៀតដល់អង្គសិក្ខាសាលា។
អញ្ជើញមានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលបានធ្វើបទបង្ហាញទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ជូនដល់អង្គសិក្ខាសាលាទាំងមូល។ បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមក្នុងអង្គសិក្ខាលាសារយៈពេល១ ថ្ងៃពេញនាពេលមនេះ។ ហើយតាមរយៈបទបង្ហាញទាំង៩ ខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងយកបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានាពេលនេះ ទៅប្រើប្រាស់ក្នុងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទឱ្យកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលអាចផ្ដល់លទ្ធផលប្រកបដោយមោទនៈ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់តំណាងក្រុមហ៊ុនដែលបានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលា៕


