ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទព្រមទាំងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុ, វិធានការទាំងនេះក៏រាប់បញ្ចូលការលើកកម្ពស់ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនីយភាព ដល់ប្រជាពល ដ្ឋនៅតាមមូលដ្ឋានផងដែរ។
ការកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនេះ ក៏ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពនាយ កទីចាត់ការប្រធានអង្គភាពសាលាខេត្ត។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗដើម្បីពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដូចជា៖ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឱ្យមន្ត្រីជាថ្នាក់ដឹកនាំតាមបណ្ដាមូលដ្ឋានគ្រប់ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ និងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលាទាំងរដូវទឹក ឡើង និងរដូវសម្រក៕

















