ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ អង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូឌីត (MWL) ផ្តល់ជំនួយមនុស្សធម៌ដោយ មិនប្រកាន់និន្នាការសាសនានោះឡើយ


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) បានគូសបញ្ជាក់យ៉ាងច្បាស់ថា ស្មារតីនៃជំនួយមនុស្សធម៌របស់អង្គការសម្ព័ន្ធពិភពឥស្លាម គឺឈរលើគោលការណ៍សកលលោក ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការសាសនាឡើយ ពោលគឺផ្តល់ជូនដល់ជនរងគ្រោះ និងអ្នកខ្វះខាតគ្រប់រូប។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចុះចែកអំណោយកញ្ចប់អាហារ ជូនដល់គ្រួសារពលរដ្ឋភៀសសឹកចំនួន១,៦០០គ្រួសារ មកពីភូមិជោគជ័យ ព្រៃចាន់ និងត្រពាំងសំរោង ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ អំណោយទាំងនេះ គឺជាការឧបត្ថម្ភពីអង្គការសម្ព័ន្ធពិភពឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា ក្នុងចំណោមគ្រួសារដែលទទួលអំណោយចំនួន១,៦០០គ្រួសារនាថ្ងៃនេះ មានបងប្អូនខ្មែរឥស្លាមត្រឹមតែ៧គ្រួសារប៉ុណ្ណោះ ខណៈដែលក្រៅពីនោះ គឺជាបងប្អូនខ្មែរដែលកាន់ព្រះពុទ្ធសាសនាទាំងអស់។ នេះជាសក្ខីភាពបង្ហាញថា ជំនួយគឺធ្វើឡើងដើម្បីជួយដល់បងប្អូនរួមជាតិដែលជួបការលំបាកពិតៗ។

ឯកឧត្តមបានបន្តថា អង្គការ MWL តែងតែមានវត្តមានជួយដល់កម្ពុជាក្នុងគ្រាអាសន្ន ដូចជាកាលពីគ្រោះទឹកជំនន់កន្លងទៅ ដែលបានចែកអំណោយជូនពលរដ្ឋជាង៥,០០០គ្រួសារ នៅតាមបណ្តាខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងរាជធានីភ្នំពេញ ដែលភាគច្រើនលើសលប់នៃអ្នកទទួលអំណោយក៏មិនមែនជាអ្នកកាន់សាសនាឥស្លាមដែរ។

ឯកឧត្តមក៏បានរំលឹកពីកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពីស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋ ពិសេសនៅតំបន់ព្រំដែន និងខេត្តព្រះវិហារ ដើម្បីកៀងគរជំនួយពីសប្បុរសជនអន្តរជាតិ មកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយជាពិសេសសហគមន៍ឥស្លាមក៏បានចូលរួមចំណែក ក្នុងកៀងគរជំនួយ ដើម្បីជួយដល់វិរៈកងទ័ព និងជនភៀសសឹកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះឱកាសក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើ និងផ្តល់ជំនួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ហើយការចុះមកជួបផ្ទាល់នេះ ធ្វើឲ្យលោកបានឃើញកាន់តែច្បាស់នូវស្ថានភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការនាំយកអំណោយ ពីអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) មកចែកជូន លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាឲ្យមានភាពកាន់តែប្រសើរឡើង សម្រាប់ការរស់នៅរបស់ពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន៍កម្ពុជា បានថ្លែងអំណរអរគុណលោកបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានរួមចំណែកក្នុងការសម្រាលការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ភៀសសសឹក តាមរយៈការផ្តល់ជាអំណោយឧបភោគបរិភោគ ហើយកោតសរសើរលោកទេសរដ្ឋមន្ត្រី ដែលមានភាពសកម្មយ៉ាងខ្លាំងក្នុងការកៀងគរជំនួយពីក្រៅប្រទេសមកជួយកម្ពុជា៕