នៅក្នុងទិដ្ឋភាពពិភពលោកដែលកាន់តែស្មុគស្មាញ ហើយត្រូវបានកត់សម្គាល់ដោយការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធនៅក្នុងផ្នែកជាច្រើននៃពិភពលោក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និង គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
គោលការណ៍ដូចគ្នានេះ គឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសថៃ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅ រកដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕







