គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ទីក្រុងក្នុងខេត្តសៀមរាបជំហាន២ នឹងបន្តរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន


នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងJICA ដឹកនាំដោយលោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង​ និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការកណ្តាល JICA ដោយមានការចូលរួមពី លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ បានមានប្រសាសន៍លើកឡើងថា គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដំណាក់កាលទី១ បានអនុវត្តគម្រោងសាកល្បងចំនួន ៨ ដែលគម្រោងមួយចំនួនកំពុងបន្តអនុវត្ត ចំណែកជំហានទី២ គឺការអនុវត្តវិធីសាស្រ្តផ្អែកលើតំបន់ (Area-Based Approach) ដែលហៅថា «យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល» (Romduol Smart Growth Strategy) ។

គម្រោងនេះ ផ្តោតលើតំបន់ចំនួនពីរ គឺតំបន់ផ្លូវ Pub Street និងតំបន់មាត់ស្ទឹង ដើម្បីអនុវត្តគម្រោងសាកល្បង ដោយក្នុងតំបន់នីមួយៗ នឹងមានអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យតំបន់ទាំងពីរនេះមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំង២ មានដូចជា៖ ការត្រួតពិនិត្យការចរាចរណ៍ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម វិធីសាស្ត្រធ្វើឱ្យតំបន់ដងស្ទឹងមានភាពបៃតង កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង ផ្ទាំងបង្ហាញឌីជីថល កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ។

ឯកឧត្តម ប្រាក់ សោភ័ណ​ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីប្រទេសជប៉ុន តាមរយៈ JICA នេះ មិនត្រឹមតែបានរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្តិសមជា «ទីក្រុងឆ្លាតវៃអាស៊ាន» ក៏ដូចជា ចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តសៀមរាប ផងដែរ ។

ឯកឧត្តម បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមថា គម្រោងជំហានទី២នេះ នឹងកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប ជាក់ជាមិនខាន។​ ជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត រាជធានី របស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយក្រុមការងារ JICA រហូតសម្រេចបានលទ្ធផលផ្លែផ្កាក្នុងដំណាក់កាលទី១ និងបន្តឆ្ពោះទៅរកភាពជោគជ័យ ក្នុងដំណាក់កាលទី២នេះបន្តទៀត ៕