អភិបាលខេត្ដបន្ទាយមានជ័យ ដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្កើនបង្ក្រាបបទល្មើស Scam Online និងការពង្រឹងការស្នាក់នៅរបស់ជនបរទេស


(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ម្ចាស់ផ្ទះជួល ខុនដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្ដបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្កើនបង្ក្រាបបទល្មើស Scam Online និងការពង្រឹងការស្នាក់នៅរបស់ជនបរទេស។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា ការប្រជុំផ្សព្វផ្សាយនេះ បានផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស, ការជំរុញឲ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋានក្តាប់ឲ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេស ដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើង។

នៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន ឯកឧត្តមបានណែនាំឲ្យពង្រឹងចំណងសាមគ្គីភាព និងការផ្លាស់ប្តូរព័ត៌មានរវាងផែនការងារជំនាញអន្តោប្រវេសន៍, អត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែនការងារផ្សេងៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាកើតឡើងជាយថាហេតុ។

ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសឲ្យបានទៀងទាត់ និងត្រឹមត្រូវបំផុត។ ទន្ទឹមនឹងនោះ លោកអធិការក្រុង-ស្រុក ត្រូវធ្វើជាសេនាធិការក្នុងការដឹកនាំ និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទឲ្យមានតម្លាភាព និងវិជ្ជាជីវៈផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានណែនាំចំនួន៤ចំណុច ពាក់ព័ន្ធការស្នាក់នៅ និងប្រកបអាជីវកម្មរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រួមមាន៖

*ទី១៖ មិនទទួលយកជនបរទេសណា ដែលគ្មានលិខិតឆ្លងដែន ឬគ្មានទិដ្ឋាការត្រឹមត្រូវមិនឲ្យស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងដែលម្ចាស់ក្រុមហ៊ុនគ្រប់គ្រងឡើយ
*ទី២៖ មិនឲ្យមានអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ ការបង្ខាំង ឬធ្វើទារុណកម្ម កើតមាននៅក្នុងទីតាំងរបស់ខ្លួនឡើយ
*ទី៣៖ មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ការប្រើប្រាស់ ជួញដូរ រក្សាទុក និងផលិតគ្រឿងញៀនខុសច្បាប់ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទៀងទាត់
*ទី៤៖ មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសការឆបោកតាមអនឡាញឡើយ ដើម្បីធានាថាគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេសនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវគ្រប់គ្រងយ៉ាង ម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូលផងដែរ៕