ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ រួមគ្នាជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង Online Scams


(ភ្នំពេញ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការនៅតាមបណ្តា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងទប់ស្កាត់ ការជ្រាបចូលនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលបានចូលរួមទាក់ទាញវិនិយោគ និងថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំថែរក្សាសុខសុវត្ថិភាពដល់វិនិយោគិន ដែលការណ៍នេះ បានចូលរួមចំណែកលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួនពីរ៖ (១). ការផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និង «អនុក្រឹត្យស្តី ពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ» និង (២). ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឱ្យអង្គប្រជុំទាំងមូល ជាពិសេសតំណាងក្រុមហ៊ុន អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជ្រាបអំពីខ្លឹមសារនៃ «ច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និង «អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ» ដែលពាក់ព័ន្ធផងដែរ ដល់កាតព្វកិច្ចក្នុងការចូលរួមបង្ក្រាប អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនឹងបន្តលើកកម្ពស់ទំនុកចិត្តវិនិយោគិន នៅក្នុងតំបន់សេដ្ឋកិច្ច។

នាឱកាសនេះ ដោយអនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការ បានរៀបចំសេចក្តីព្រាងលិខិតអះអាង អំពីការចូលរួមសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិនិត្យ និងចុះហត្ថលេខា។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ជូនថា ការអះអាងជាលាយលក្ខ័ណ៍អក្សរនេះ មិនមែនជាបន្ទុករដ្ឋបាលថ្មី សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនោះទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែង ហើយវាក៏នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់ចូលរួមទាក់ទាញការវិនិយោគ ឱ្យចូលមកតំបន់របស់ខ្លួនបន្ថែមទៀតផងដែរ។

ឯកឧត្តមអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ សំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញ នូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន៕