ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់ស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, គណៈកម្មាធិការគណបក្សឃុំទាំង១៨ នៃស្រុកទាំងពីរ និងសាខាបក្សភូមិសរុប ៥៨៨រូប។

ជាកិច្ចចាប់ផ្ដើមនៃពិធីផ្សព្វផ្សាយ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទាំងពីរ បានអានសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សដែលបានដាក់ចេញ។ ជាមួយគ្នានោះផងដែរ លោក គី សុផល សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើបទបង្ហាញស្ដីពីផែនការលម្អិតឆ្ពោះទៅកាន់ការបោះឆ្នោតជើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជូនដល់ក្រុមការងារគណបក្សចុះគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យបានយល់ច្បាស់ និងអាចយកទៅអនុវត្តទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

បន្ទាប់ពីបានស្ដាប់ការអានសេចក្ដីសម្រេច និងការធ្វើបទបង្ហាញរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ ទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចយ៉ាងល្អប្រសើរនាពេលកន្លងមក ជាពិសេសលើការងារចិញ្ចឹមចលនាបក្ស ដែលធ្វើឱ្យចំនួនសមាជិកគណបក្សកើនឡើងជាលំដាប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនអង្គពិធីអំពីកត្តាចម្បងៗមួយចំនួន ដែលធ្វើឱ្យគណបក្សមានភាពរឹងមាំ មានប្រជាប្រិយភាព និងទទួលជ័យជម្នះក្នុងការបោះឆ្នោតគ្រប់ៗអាណត្តិ។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានចង្អុលបង្ហាញដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការដែលមានក្នុងសេចក្ដីសម្រេចនេះ ទៅរៀបចំជាផែនការសកម្មភាពឱ្យបានច្បាស់លាស់ ស្របតាមក្របខ័ណ្ឌពេលវេលា និងធនធានជាក់ស្ដែង សំដៅអនុវត្តឱ្យទទួលបានជោគជ័យ ដោយការទទួលបានចំនួនអាសនៈ លើសចំនួនអាសនៈដែលមានបច្ចុប្បន្ន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នាពេលខាងមុខនេះ៕