ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

សូមជម្រាបថា ការធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គឺដើម្បីជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករ និងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពហុវិស័យ ជាអាទិ៍ ការលើកកម្ពស់វិស័យអេកូទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕