ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៣៥គ្រួសារ រស់នៅក្នុងឃុំចំនួន៤ ក្នុងស្រុកចំការលើ។
លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ត្រាក់ បានកើតឡើង កាលពីម៉ោង១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់កួចយ៉ាងខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ក្នុងឃុំទាំង៤ របើកស័ង្កសី និងរបើកក្បឿងរងផលប៉ះពាល់កម្រិតធ្ងន់ មធ្យម និងស្រាល។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះ សុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបីសម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង៣៥គ្រួសារនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់។ ចំពោះថវិកា ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសំបែងទៅតាមទំហំ នៃការខូចខាតដោយគ្រោះមហន្តរាយនោះ៕












