ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជើញជាអធិបតីបើជាផ្លូវការព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ–ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា–ចិន និងជូនដំណើរក្បូនប្រតិភូ Caravan Tour ធ្វើណើរតាមផ្លូវគោកតាមរថយន្តឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើរយៈពេលជាង ២០ថ្ងៃ ដើម្បីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។
បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ–ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា–ចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៍ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ ចិន និងដើម្បីផ្សព្វផ្សាយនូវយុទ្ធនាការណ៍ទស្សនាកម្ពុជា នៅរដូវកាលប៉ៃតង ២០២៦ ដែលបេសកកម្មនេះមានរយៈពេលពេល ២៣ថ្ង គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៦។
ថ្លែងនាឱកាសនោះដែរឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាននិងកំពុងគាំទ្រសហការ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងទេសចរណ៍ក្នុងការធ្វើ ឱ្យវិស័យទេសចរណ៍កម្ពុជាមានការរីកលូតលាស់ជាលំដាប់។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថែរក្សា យ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាព និងស្ថិរភាពនយោបាយដែលបានមកដោយលំបាក និងបានចាត់ទុកវិស័យទេសចរណ៍ជា«ឆ្អឹងខ្នងសេដ្ឋកិច្ច» និងជា«ការ នាំចេញនៅនឹងកន្លែង» ដោយវិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានសហគមន៍ផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់ទុកព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន មេគង្គ–ឡាងឆាង នេះ នឹងជួយពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្សព្វផ្សាយ និងជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ លើកកម្ពស់ការផ្លាស់ ប្តូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌ គំនិតផ្តួចផ្តើម ឆ្នាំទេសចរណ៍កម្ពុជា–ចិន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសជនជាតិចិនមកទស្សនាកម្ពុជាក្នុងរដូវ កាលបៃតង ក៏ដូចជាបង្កើនការផ្សព្វផ្សាយពីការលើកលែងទិដ្ឋាការសាកល្បង ចូលកម្ពុជា ដល់ជនជាតិចិនរយៈពេល ៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើដល់លោក លោកស្រី ប្រតិភូ Caravan Tour ជួយផ្សព្វផ្សាយពីសុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យបានទូលំទូលាយ និងបានអំពាវនាវឱ្យបានចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការ៖ ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី៖ «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព!» និងពាក្យស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» ផងដែរ៕















