រដ្ឋមន្រ្តីក្រសួងសាធារណការ ជំរុញដល់មន្ត្រីខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងប្រកាសសមាសភាពមន្រ្តីរាជការក្រសួងទើបតែងតាំងថ្មី ពិនិត្យពិភាក្សាលើផែនការសកម្មភាពលើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ទីប្រជុំជន ២០២៥-២០៣៥ បច្ចុប្បន្នភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា និងការងារពាក់ព័ន្ធផ្សេងៗ។

ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានសម្តែងនូវការអបអរសាទរដល់មន្ត្រីរាជការដែលបានទទួលការទុកចិត្ត និងតែងតាំងនៅក្នុងមុខតំណែងថ្មី និងសូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ និងទិសដៅការងារជូនក្រសួង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងអង្គភាពអនុវត្ត បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់គម្រោងដែលកំពុងអនុវត្ត និងគម្រោងដែលមាននៅក្នុងផែនការស្រាប់ ព្រមទាំងខិតខំពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីទ្រទ្រង់ក្នុងរយៈពេលវែងនាពេលអនាគត៕