រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តថ្មី


អភិបាលរងខេត្ត និងនាយករដ្ឋបាលថ្មី សាលាខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងចូលរួមអបអរសាទរចំពោះលោក រិទ្ធី ប៉ាក់ អតីតនាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវផ្ទេភារកិច្ចទៅបម្រើការនៅទីស្ដីការនៃក្រសួងមហាផ្ទៃ និងលោក ប៉ិច រតនៈ អតីតនាយករងរដ្ឋបាលសាលាខេត្ត ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យនាពេលនេះ។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងថា ការប្រកាសចូលកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងជាតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាពិសេសត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ដោយឡែក ឯកឧត្តម ប៊ុន ហុន បានថ្លែងថា អភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវតែគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំនិងផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំថ្មីទាំងពីររូប ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត ព្រមទាំងបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យនូវគ្រប់ផែនការការងាររបស់ខេត្ត និងជាពិសេសគឺការបង្កើត និងថែរក្សាជំនឿចិត្តឱ្យបានទ្វេដងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តម រិទ្ធី ប៉ាក អភិបាលរងថ្មី ខេត្តឧត្តរមានជ័យ បានថ្លែងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ការពារជាតិ សាសនា ព្រះមហាក្សត្រ បង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការជាមួយថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើសេវាសាធារណៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕