អភិបាលខេត្តបាត់ដំបង អញ្ជើញប្រគល់ផ្ទះ១០ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកបាណន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ១០ខ្នងដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនចំនួន ១០គ្រួសារនៅក្នុងស្រុកបាណន់។

ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូត ដល់សព្វថ្ងៃ។

ឯកឧត្តមបានណែនាំអតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

អតីតយុទ្ធជនទាំងអស់បានបង្ហាញ អារម្មណ៍ សប្បាយរីករាយ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ផ្ទះថ្មីជាជម្រកដ៏កក់ក្ដៅដល់ពួកគាត់។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគដល់អតីតយុទ្ធជនដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់៕