នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុមហ៊ុនផលិតសាច់មាន់ ភ្ញាស់កូនមាន់ រោងចក្រផលិតចំណីសត្វ ព្រមទាំងរោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំដំឡើងអគ្គិសនី ដែលមានទីតាំងស្ថិតនៅទីក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន។
តាមរយៈដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះឯកឧត្តម វ៉ី សំណាង បានធ្វើការបង្ហាញពីសក្ដានុពលរបស់ខេត្តតាកែវជាច្រើនទៅលើវិស័យសិកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ ដែលធ្វើអោយតំណាងក្រុមហ៊ុនខ្នាតធំៗរបស់ចិន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្តានុពលវិនិយោគលើទឹកដីនៃខេត្តតាកែវ។
ដោយឡែកបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនរបស់ចិនក៏កំពុងតែដំណើរ ការសាកល្បងនូវគម្រោងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ ដែលនេះជាសញ្ញាណវិជ្ជមានមួយក្នុងការបើកផ្លូវដល់ការវិនិយោគទ្រង់ ទ្រាយធំនានានៅពេលអនាគត។
នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមអភិបាលខេត្តតាកែវ មានក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តតាកែវនឹងអាចទាក់ទាញបាននូវលំហូរទុនវិនិយោគថ្មីៗ ពិសេសគឺការនាំចូលនូវបច្ចេកវិទ្យាកសិកម្មទំនើបៗ និងការចែករំលែកបទពិសោធន៍ល្អៗពីក្រុមហ៊ុនលំដាប់ធំៗរបស់ចិន។
កត្តាទាំងនេះ នឹងក្លាយជាកាតាលីករ (កម្លាំងរុញច្រាន) យ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅក្នុងខេត្តតាកែវ ឱ្យកាន់តែមានភាពរីកចម្រើន និងទំនើបកម្ម។ បង្កើនសមត្ថភាពផលិតកម្មសាច់សត្វ និងចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព និងជួយបង្កើតមុខរបរ និងរកចំណូលបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។
គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំរដ្ឋបាលខេត្តតាកែវ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង និងដើរស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យ កសិកម្មទៅជាកសិឧស្សាហកម្ម និងការបង្កើនសក្តានុពលប្រកួត ប្រជែងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល៕














