ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងអ្នកឧកញ៉ា សុខ សុភាព ចុះសំណេះសំណាល និងប្រគល់អំណោយជូនវីរៈកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ


នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានអញ្ជើញប្រគល់អំណោយជូនវីរៈកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ និងប្រគល់ជូនប្រធានពន្ធនាគារខេត្ត។

ក្នុងឱកាសនោះអ្នកឧកញ៉ា សុខ សុភាព គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ច ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់បងៗវីរៈកងទ័ព, វីរៈប៉ូលីស និងវីរៈអាវុធហត្ថ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតប្រឆាំងនឹងសត្រូវឈ្លានពាន ដើម្បីបុព្វហេតុជាតិ ការពារទឹកដី និងប្រជាជន។ កាយវិការដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចមិនអាចបំភ្លេចបានចំពោះមហាគុណូប្បការៈដ៏ធំធេងនេះ និងបានចារឹកទុកក្នុងក្រអៅបេះដូងតគ្រប់ជំនាន់។

អ្នកឧកញ៉ាលើកឡើងទៀតថា «ថ្វីត្បិតតែពួកយើងខ្ញុំនៅសមរភូមិក្រោយក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងអារម្មណ៍របស់យើងខ្ញុំទាំងអស់គា្ន តែងនៅជាមួយពួកបងៗជានិច្ច ព្រមទាំងបានខិតខំប្រមែប្រមូលធនធានផ្ទាល់ខ្លួនត្រៀមទុកដើម្បីរួមចំណែកជួយដល់បងៗកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា»

ជាក់ស្តែងថ្ងៃនេះ អ្នកឧកញ៉ា និងឯកឧត្តមបណ្ឌិត ព្រមទាំងថ្នាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប បាននាំយកនូវថវិកា ដែលបានមកពីការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីសូឡូខនសឺតរបស់លោកនីកូ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនឆេមពានគ្រុប មកប្រគល់ជូនដល់វីរ:កងទ័ពជួរមុខចំនួន ៥ អង្គភាព និងជូនដល់ប្រធានពន្ធនាគារខេត្ត ដើម្បីសាសង់របងផងដែរ។

ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បង្ហាញឲ្យឃើញស្មារតីសាមគ្គីភាព ឯកភាពជាតិ និងខឿនការពារជាតិយ៉ាងរឹងមាំរបស់ប្រជាជន នៅក្នុងសម័យតេជោ-ធិបតី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ កន្លងមកនេះ។

អំណោយដែលត្រូវផ្តល់ជូនដោយអ្នកឧកញ៉ា និងឯកឧត្តមបណ្ឌិតរួមមាន ៖ ១.ភេសជ្ជ:ឆេមពាន ចំនួន ៧០០ កេស, ២.អង្គភាពទ័ពទាំង៥ ថវិកា ៤០ លានរៀល, ៣.សាងសង់របងពន្ធនាគារខេត្ត ថវិកា ១៣ ៦១០ ដុល្លារអាម៉េរិក, ៤.ជូនដល់វីរកងទ័ពដែលបានចូលរួមថវិកា ២ លាន ៥ សែនរៀល ។

មុននឹងបញ្ចប់អ្នកឧកញ៉ា សុខ សុភាព បានបន្ថែមថា ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប និងតំណាងក្រុមហ៊ុនឆេមពានគ្រុប សូមសំដែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងៗវីរ:កងទ័ពទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារទឹកដី និងប្រជាជន នៅតាមព្រំប្រទល់ដែនកម្ពុជា-ថៃ។

ជាទីបញ្ចប់ អ្នកឧកញ៉ា សុខ សុភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស មេត្តាបន្តការគាំទ្រនិងជឿងជាក់លើការដឹកនាំរបស់ សម្ដេចតេជោ-ធិបតី និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព, ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពប្រាកដនិយម និងសមប្រកបតនឹងពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕