ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជន ជាការដកស្រង់បទពិសោធន៍ និងជាការសម្តែងមតិរបស់យុវជនស្របតាមលទ្ធិប្រជាធិបតេយ្យ


ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ខេត្តកណ្តាល។

ពិធីនេះមានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោត សរុប ជិត ៣០០នាក់។

នៅក្នុងឱកាសដ៏ថ្លៃនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវការរីករាយដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនោះ។ លោកបណ្ឌិត បន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំឃុំនៃស្រុកខ្សាច់កណ្តាល ខណៈស្រុកនេះ បានចាប់ផ្តើមបោះឆ្នោតមុនគេក្នុងចំណោមស្រុកនិងក្រុង នៃខេត្តកណ្តាលទាំងអស់។

ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ គឺជាការដកស្រង់បទពិសោធន៍ និងជាការសម្តែងមតិរបស់យុវជនរៀងៗខ្លួន ស្របតាមលទ្ធិប្រជាធិបតេយ្យ ។

ឯកឧត្តមសង្កត់ធ្ងន់ទៀតថា ជាងនេះទៀតការរៀបចំការបោះឆ្នោតនៅថ្ងៃនេះទៀតសោតក៏មិនមែនចេះធ្វើដោយគ្មានច្បាប់ទម្លាប់នោះដែរ សូម្បីតែការបញ្ចូលជាសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក៏មានការរៀបចំបោះឆ្នោតដូចគ្នានេះដែរ ដែលការបោះឆ្នោតនេះមានការចូលរួមពីអង្គបោះឆ្នោតចាប់តាំងពីមូលដ្ឋាន (ថ្នាក់អភិបាលស្រុក)ថែមទៀតផង។ ដូច្នេះមិនមានអ្វីចម្លែកនោះទេ ។

ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ការបោះឆ្នោតថ្ងៃនេះ មានសារៈសំខាន់សម្រាប់យុវជន ហើយអ្នកដែលជាប់ឆ្នោត ត្រូវបំរើយុជន និងប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនឱ្យបានល្អ និងបំផុសចលនាឱ្យយុវជនផ្សេងទៀត ដែលមិនស្ថិតនៅក្នុងគណបក្សប្រជាជនកម្ពុជាចូលរួមជាមួយគណបក្ស ។

ទោះជាយ៉ាងណា ក៏ដោយចំពោះការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនេះ ឯកឧត្តមបណ្ឌិត មិនចង់ឃើញវាប្រែក្លាយទៅការបែកបាក់យុវជន ក្នុងចំណោមយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំនោះទេ ព្រោះប្រវត្តិសាស្ត្របានបង្ហាញថា កាលណាបែកបាក់ យើងកាន់តែខ្សោយ ។

ជាងចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើទៅកាន់យុវជនដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ទាំងអស់ ត្រូវជួយកិច្ចការឃុំរបស់ខ្លួន និងចូលរួមគ្រប់សកម្មភាពរបស់គណបក្សជាពិសេសចូលរួមផ្សព្វផ្សាយពីហានីភ័យនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងឃុំ ព្រោះឯកឧត្តមមិនចង់ឃើញយុវជនរបស់គណបក្សណាម្នាក់ជាប់ឃុំ ដោយសារគ្រឿងញៀននោះទេ។

សូមបញ្ជាក់ថា យុវជនដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនេះ មានចំនួន ២៥០ នាក់ មកពីភូមិទាំង ៨ របស់ឃុំ ខណៈបេក្ខជនដែលឈរឈ្មោះសម្រាប់ឱ្យគេបោះឆ្នោតមានចំនួន ១០ រូប។ ដោយឡែក សម្រាប់សន្លឹកឆ្នោត ២៥០សន្លឹក មានមួយសន្លឹកមិនបានការ៕