ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ និងអញ្ជើញទស្សនកិច្ចក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ មានជ័យ បីតាមីន នៅក្នុងខេត្តកំពង់ស្ពឺ។
ការចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖
ផ្លូវវខ្សែទី១៖ មានប្រវែង ៤,៦០គីឡូម៉ែត្រ ចាប់ពីផ្លូវកៅស៊ូត្រង់ចំណុចភូមិកន្លង់ ទៅដល់សាលាបឋមសិក្សាពីរធ្នូ ស្ថិតនៅភូមិព្រៃរំដួលខាងកើត ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៩៥៧គ្រួសារ ស្មើនឹង ៣ ៩៩៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៨៧១គ្រួសារ ស្មើនឹង ១១ ៩៩៤នាក់។
ផ្លូវខ្សែទី២៖ មានប្រវែង ៦,៣៥គីឡូម៉ែត្រ ចាប់ពីភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ទៅភ្ជាប់ផ្លូវកៅស៊ូ ត្រង់ភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៤៥០គ្រួសារ ស្មើនឹង ៥ ៩៩៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៣៥០គ្រួសារ ស្មើនឹង ១៧ ៩៨៨នាក់។
ផ្លូវខ្សែទី៣៖ មានប្រវែង ៨,៧០គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ទៅដល់ភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ២១០គ្រួសារ ស្មើនឹង ១១ ៩៣៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦ ៦៣០គ្រួសារ ស្មើនឹង ៣៥ ៨០២នាក់។
គួរជម្រាបជូនដែរថា ដោយសារផ្លូវមានស្ថានភាពទ្រុឌទ្រោម និងទទឹងផ្លូវ មានសភាពតូចចង្អៀតពិបាកធ្វើដំណើរ និងដោយទទួលបានសំណើរបស់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យជាក់ស្ដែង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នោះ។ បន្ទាប់ពីបានពិនិត្យជាក់ស្ដែងរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ ដាក់បញ្ចូលខ្សែផ្លូវខាងលើទៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំបន្ដបន្ទាប់។
ឆ្លៀតក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ មានជ័យ បីតាមីន ស្ថិតនៅក្រាំងពន្លៃ ឃុំគិរីវន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នក្រុមហ៊ុន មានជ័យ បីតាមីន មានរោងចក្រទំនើបចំនួន២ ដែលមានសមត្ថភាពផ្ទុកកៅស៊ូ លើសពី ១ ៥០០តោន និងប្រព័ន្ធខ្សែសង្វាក់ផលិតកម្មកៅស៊ូក្រាលថ្នល់ ដែលមានសមត្ថភាពផលិតបានចន្លោះពី ៣០-៣៥តោន ក្នុងរយៈពេលមួយម៉ោង។ ការអញ្ជើញទស្សនកិច្ចនាពេលនេះក្នុងគោលបំណងស្វែងយល់អំពីគុណភាពនៃការផលិតកៅស៊ូក្រាលថ្នល់របស់ វិស័យឯកជន ដើម្បីចូលរួមពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរឹកមាំប្រើប្រាស់បានយូរអង្វែង ជូនដល់ប្រជាពលរដ្ឋ៕




















