គ្រួសារសម្រាលបានកូនភ្លោះបីមួយគ្រួសារទៀតហើយ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជាគ្រួសារសម្រាលកូនភ្លោះ៣ ទី៤៣៦ហើយ ដែលទទួលបានអំណោយពីថ្នាក់ដឹកនាំជាតិ សម្រាលការលំបាកក្នុងជីវភាព។
អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបាន ឯកឧត្តម សេង ទៀង នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី នៅលំនៅដ្ឋានក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
គ្រួសារកូនភ្លោះបីដែលទទួលបានអំណោយនាព្រឹកមិញនេះ មានឪពុកឈ្មោះ ជិន ច័ន្ទសម្បត្តិ អាយុ ៣៤ឆ្នាំ ម្តាយឈ្មោះ ស៊ុំ ស្រីនាថ អាយុ ៣៥ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន។ កូនភ្លោះបីនេះ មានស្រី២នាក់ និងប្រុសម្នាក់ សម្រាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ ឯកឧត្តម សេង ទៀង មានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែនឹករលឹកសណ្តោសប្រណី ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
នាយករងខុទ្ទកាល័យបានឱ្យដឹងដែរថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់នេះ ជាការទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ មកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង ២៧ឆ្នាំហើយ។ ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤៣៦គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុង ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាព ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់។
ឯកឧត្តម សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្សបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ អំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាលកូនភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិតអាសូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតផងដែរ។
បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បន្តតាមលំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចូលរួមឧបត្ថម្ភដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់ផងដែរ។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១២ហើយ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត៕














