នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ បានប្រារព្ធពិមីទ្ទិញអបអរសាទរ «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ និងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់»។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនយ៉ាងច្រើនកុះករ។
លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជនសរុប ៥,៤៨៤នាក់ និងនិវត្តជនស៊ីវិល ១,៦៤៩នាក់ និងបានចំណាយថវិការបបសន្តិសុខសង្គមប្រចាំខែ។ ចំពោះបេឡាមរណៈសង្គ្រោះ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ បានបើកប្រាក់ឧបត្ថម្ភ និងបុណ្យសពជូនគ្រួសារសមាជិក ដែលមរណភាព សរុប១០៦សព ថវិកាសរុបជាង៧៧៤លានរៀល។
លោកប្រធានមន្ទីរបន្ថែមថា ការងារគ្រប់គ្រងដីដីសម្បទាសង្គមកិច្ច និងការកសាង ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ទំហំ១,៩៩៨ហិចតា នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, សាងសង់ផ្ទះបាន១,០៣២ខ្នង, អណ្តូងទឹក៥២៧, ទីស្នាក់ការសមាគមខេត្ត១ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វត្តអារាម សាលារៀន និងមន្ទីរពេទ្យនៅក្នុងភូមិអភិវឌ្ឍន៍។ ជាមួយគ្នានោះ ជីវភាពអតីតយុទ្ធជនបានចូលរួមដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។
បន្ទាប់ពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានអានប្រកាសស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុកទាំង៧នោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានអានសារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឱកាសខួបលើកទី១៩ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
សារលិខិតនោះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ យុវវ័យ និងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងការស្វែងរកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព តាមរយៈការដំឡើងប្រាក់របបសន្តិសុខសង្គម ការផ្តល់សេវាថែទាំសុខភាព និងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ដើម្បីកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យកាន់តែមានសោភ័ណភាពស្រស់បំព្រង និងការរីកចម្រើនលើគ្រប់វិស័យ។ ដោយរដ្ឋបាលខេត្ត បានជំរុញការរៀបចំដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ ឱ្យបានព្រោងព្រាត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកសម្រស់ក្រុងស្រុកនាពេលរាត្រី។ បន្តរៀបចំកែលម្អរចនាសម្ព័ន្ធច្រាំងស្ទឹងពោធិ៍សាត់ ឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងជំរុញចលនាដាំដើមឈើឱ្យបានសកម្មនៅគ្រប់បណ្តាក្រុង/ស្រុកទាំង៧ ដើម្បីបង្កើតគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរ។ *ពង្រឹងកិច្ចសហការរៀបចំរបៀបរៀបរយ អនាម័យ និងបរិស្ថានឱ្យបានល្អស្អាត គ្មានសំរាម តាមរយៈការចូលរួមពីគ្រប់សមាសភាពសង្គម។ បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ដោយធានាថាអ្នកជួរក្រោយតែងតែនៅជាប់ជាមួយអ្នកជួរមុខជានិច្ច។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សមាសភាពគណៈកម្មាធិការសមាគមក្រុង/ស្រុកទាំង៧ ដែលទើបទទួលបានការប្រកាសតែងតាំងថ្មី ត្រូវពង្រឹងស្មារតីទទួលខុសត្រូវ ក្នុងការចុះជាប់ជាមួយមូលដ្ឋានដើម្បីក្តាប់ឱ្យជាប់នូវទុក្ខលំបាក និងជួយសង្គ្រោះបងប្អូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាព និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕











































