ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ដល់ភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងការផ្សព្វផ្សាយព័ត៌មានពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់។
សិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងព័ត័មាន អ្នកសារព័ត៌មាន សិល្បៈករ អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយអំពីហានិភ័យនៃអំពើជួញដូរមនុស្ស ដែលកំពុងកើតមានតាមរូបភាពផ្សេងៗ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា និងការងារឆ្លងដែនខុសច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ ដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អប់រំប្រជាពលរដ្ឋ និងបង្ការការចាញ់បោកមេខ្យល់ ឬបណ្តាញជួញដូរមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសិក្ខាសាលានាឱកាសនេះមានសារៈសំខាន់បង្កើនការយល់ដឹងអំពីរូបភាពថ្មីនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ច ហើយជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានពាក់ព័ន្ធក្នុងការបង្ការចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងជួយសង្គ្រោះដល់ជនរងគ្រោះ ។ ជាមួយមួយនេះក៏ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សហគមន៍ក្នុងការរាយការណ៍ ការការពារ ក៏ដូចជាផ្តល់ការគាំទ្រដល់ជនរងគ្រោះផងដែរ។ អ្វីដែលសំខាន់ក្នុងសិក្ខាសាលាគឺជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបោកប្រាស់ ឬក៏ការជ្រើសរើសការងារក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ក្រសួងព័ត៌មាន បានថ្លែងថា សិក្ខាសាលាគឺមានសារៈសំខាន់ក្នុងការកសាងនូវ ចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់ទម្រង់ និងការយល់ដឹងពីបញ្ហាទេសន្តរប្រវេសន៍។ ក្រៅពីដើរតួនាទីជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្រសួងព័ត៌មានបានអនុវត្តដោយសកម្ម បុរេសកម្ម និងអន្តរសកម្ម ក្នុងការគ្រប់គ្រងសាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា ដូចជា ការទទួលបាននូវព័ត៌មានពិត ព័ត៌មានដែលមានគុណភាព និងគ្មានការរើសអើង។ ក្រសួងព័ត៌មានបានរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ អប់រំ ពាក់ព័ន្ធនឹង បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអំពើជួញដូរមនុស្ស។
ឯកឧត្តមបានលើកឡើងថា បញ្ហាជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ គឺជាប្រធានបទដ៏សំខាន់ដែលទាមទារឱ្យមានការចូលរួម ដោះស្រាយពីគ្រប់ផ្នែក។ ក្នុងវិស័យព័ត៌មាន យើងមានកាតព្វកិច្ចជាយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ឥទ្ធិពលនៃ ប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីបញ្ជ្រាបការយល់ដឹង វិធីនៃការចូលរួមបង្ការ ទប់ស្កាត់ និងចេះរាយ ការណ៍ពីបទល្មើសដែលបានកើតឡើងទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។
លោកជំទាវ ជូ ប៊ុនអេង បានធ្វើបទបង្ហាញស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ព្រមទាំងជម្រាបជូនពីរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។ តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធរំពឹងថា នឹងរួមចំណែកពង្រឹងការយល់ដឹងរបស់សាធារណជន និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយសារអប់រំ និងព័ត៌មានត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព៕























