អភិបាលខេត្តព្រះវិហារ ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្បែងមានជ័យ និងណែនាំឱ្យបន្ត​សហការគ្នា​ដោះស្រាយបញ្ហាជូនពលរដ្ឋ​ឱ្យបានទាន់ពេលវេលា


លោក ឃីន រស្មី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ជាអភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនេះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក ឃីន រស្មី ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលស្រុកត្បែងមានជ័យ និងបានថ្លែងផ្តល់អនុសាសន៍ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាមូលដ្ឋានក្នុងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម គីម រិទ្ធី បានថ្លែងណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

ថ្លែងក្នុងឱកាសនោះ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ដែលទើបទទួលតំណែងថ្មី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចដ៏មានសារៈសំខាន់នេះ។

លោកក៏បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចឱ្យអស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍស្រុកត្បែងមានជ័យឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕