នាថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់លើកទី៤ ស្ដីពីទសវត្សរ៍អន្តរជាតិសម្រាប់សកម្មភាព «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»ឆ្នាំ២០១៨-២០២៨ នៅទីក្រុងឌូស្ហាន់បេ នៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន។
សូមជម្រាបថា ពិធីបើកសន្និសីទអន្តរជាតិលើកទី៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ដោយមានការចូលរួមពីតំណាងកម្រិតខ្ពស់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល ស្ត្រី យុវជន ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន រដ្ឋាភិបាលមូលដ្ឋាន ស្ថាប័នសិក្សា សហគមន៍វិទ្យាសាស្ត្រ និងភាគីពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៥០០នាក់ មកពី ៨០ប្រទេស។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំនួន៥ចំណុច ក្រោមរបៀបវារៈសកម្មភាពទឹក៖ ១)ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកដែលធន់នឹងអាកាសធាតុ ២)ពង្រឹងបន្ថែមការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្រិតជាតិនិងកម្រិតអាងទន្លេ ៣)ពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការចូលប្រើប្រាស់ជាសកលចំពោះទឹកស្អាតនិងមានអនាម័យគ្រប់គ្រាន់ ៤)ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធទិន្នន័យ និង ៥)ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ឱ្យបន្តគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកៀរគរហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ដើម្បីសម្រេចគោលដៅទាក់ទងនឹងទឹក៕


