ឯកឧត្តម​ ថោ ជេដ្ឋា​ អញ្ជើញចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់លើកទី៤​ ស្តីពីទសវត្សរ៍អន្តរជាតិសម្រាប់សកម្មភាព ឆ្នាំ២០១៨-២០២៨ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន


នាថ្ងៃអង្គារ ១០កើត​ ខែ​ជេស្ឋ​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី​២៦​ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង​ ​ចូលរួម​សន្និសីទអន្តរជាតិកម្រិតខ្ពស់លើកទី៤​ ស្ដីពីទសវត្សរ៍អន្តរជាតិសម្រាប់សកម្មភាព​ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»ឆ្នាំ​២០១៨-២០២៨ នៅទីក្រុង​ឌូស្ហាន់បេ នៃ​សាធារណរដ្ឋ​តាហ្ស៊ីគីស្ថាន។​

សូមជម្រាបថា​ ពិធីបើកសន្និសីទអន្តរជាតិលើកទី៤​​ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម​ Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ដោយមានការចូលរួមពី​តំណាងកម្រិតខ្ពស់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល ស្ត្រី យុវជន ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន រដ្ឋាភិបាលមូលដ្ឋាន ស្ថាប័នសិក្សា សហគមន៍វិទ្យាសាស្ត្រ និងភាគីពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៥០០នាក់ មកពី ៨០ប្រទេស។​

នា​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​អញ្ជើញថ្លែងសុន្ទរកថា​ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ ចំនួន៥ចំណុច​ ក្រោមរបៀបវារៈសកម្មភាពទឹក៖ ១)​ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកដែលធន់នឹងអាកាសធាតុ ២)ពង្រឹងបន្ថែមការគ្រប់គ្រងធនធានទឹកចម្រុះ​នៅកម្រិតជាតិនិងកម្រិតអាងទន្លេ ៣)ពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការចូលប្រើប្រាស់ជាសកលចំពោះទឹកស្អាតនិងមានអនាម័យគ្រប់គ្រាន់ ៤)ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធទិន្នន័យ និង​ ៥)ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ឯកឧត្តម​រដ្ឋមន្ត្រី​​​ ក៏​បានអំពាវនាវដល់សហគមន៍​អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ឱ្យ​បន្តគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកៀរគរហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព​ ដើម្បីសម្រេចគោលដៅទាក់ទងនឹងទឹក៕