បន្ទាប់ពីដំណើរសាងសង់កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។ ការសាងសង់បានចំណាយរយៈពេល ៦ឆ្នាំ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុងនេះ បានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ តាមបណ្តោយផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្តូបឈ្នះឈ្នះ មានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុងស្ថិតនៅលើភ្នំ ដែលនៅទីនេះគេអាចមើលឃើញទិដ្ឋភាពទូទៅ ទីរួមខេត្តកោះកុង នៅភាគខាងត្បូង ដែលមានផ្ទៃសមុទ្រ និងជួរភ្នំលាតសន្ធឹងតាមព្រំដែន។ បន្ទាប់ពីសាងសង់ហើយស្តូបឈ្នះឈ្នះកោះកុង នឹងក្លាយជាសំណង់ប្រវត្តិសាស្ត្រនៅក្នុងខេត្តកោះកុង និងជាតំបន់សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ នៅភាគនិរតី ក្នុងខេត្តកោះកុង និងជាតំបន់ទេសចរណ៍វប្បធម៌ និងសាសនាផងដែរ។
ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។
គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះកោះកុង គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដល់សាធារណជន ឬប្រជាជនខ្មែរទាំងមូល ឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ ពេលនេះជាវិធីសាស្ត្រថ្មីមួយក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះ។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ត្រូវបានសាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យចំនួន៣រួមមានទី១៖ កំពូលវិមានដែលមានជ្រុងបី តំណាងឲ្យនយោបាយគន្លឹះសំខាន់ៗ៣ នាំឱ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ (ការធានារូបកាយ និងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី២៖ តួវិមានដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣៖ តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តា នាំឱ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ។
ស្តូបឈ្នះឈ្នះធ្វើឡើងនៅខេត្តកោះកុង តំបន់អន្លង់វែង និងប៉ៃលិន គឺជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់រៀនសូត្រ អំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា។ ចំពោះមូលហេតុដែលត្រូវសាងសង់ស្តូបឈ្នះឈ្នះ ចំនួន ៣កន្លែង នៅភូមិភាគ៣ ដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមអនុវត្តជោគជ័យដំបូងគេនៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះឈ្នះ ហើយលោក កែវ ពង្ស មេបញ្ជាការកងពលលេខ១៨ របស់កងទ័ពខ្មែរក្រហម ដែលឈរជើងនាពេលនោះ បានមកជួបជាមួយសម្តេចតេជោ ហ៊ុន សែន និងបានយល់ពីអត្ថន័យរបស់នយោបាយឈ្នះឈ្នះ ដោយធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលនាពេលនោះតែម្តង។
ផ្តើមចេញពីតំបន់ឱរ៉ាល់ មានដឹកនាំរបស់កងទ័ពខ្មែរក្រហមនៅតំបន់សំឡូត ប៉ៃលិន និងអន្លង់ បានទម្លាក់អាវុធ ព្រមធ្វើសហមារនកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាយុគសម័យថ្មីមួយបិទបញ្ចប់អង្គការចាត់តាំងរបស់ក្រហមទាំងស្រុង រហូតនាំពន្លឺសន្តិភាពជូនមាតុភូមិកម្ពុជាទាំងមូល។
ទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយឈ្នះឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។
នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយមានធាតុផ្សំសំខាន់៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជា មានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង៕
















































