រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តព្រៃវែង


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ សរុបចំនួន៤៨៦រូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្ហាញអំពីគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបរាល់ទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមាននៅក្នុងទឹកដីនៅខេត្តព្រៃវែងឲ្យអស់ និងមិនឲ្យមានជាបន្តទៀតនោះទេ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នាពេលកន្លងមកនោះផងដែរ និងនៅតែបន្តតាមដាននៅតាមទីកន្លែងប្រមូលផ្ដុំ ទីប្រជុំជនដែលមានការសង្ស័យ ធ្វើយ៉ាងណាធានាដល់ការបោសសំអាតឲ្យអស់មិនឲ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងទឹកដីនៅខេត្តព្រៃវែងទៀតនោះទេ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការនគរបាលខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមាននៅក្នុងទឹកដីនៃខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត បានបន្តជំរុញដល់ស្នងការនគរបាលខេត្ត កងកម្លាំងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តសហការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ មិនឲ្យមាននៅក្នុងទឹកដីនៃខេត្តព្រៃវែងនោះទេ ដើម្បីធានាដល់សុខសុវត្ថិភាពប្រជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាសុខសុវត្ថិភាព សេចក្តីថ្លៃថ្លៃថ្នូរ នៃប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់នៅខេត្តព្រៃវែង បើមានករណីសង្ស័យថាមាន (ONLINE SCAMS) ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីឲ្យសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវនៅទីនោះ ក្នុងការធានាសុខសុវត្ថិភាព និងសូមឲ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល ទាំងអស់មិនត្រូវផ្ដល់ទីតាំងជួលដល់ក្រុមមនុស្សណាដែលមានការសង្ស័យនោះទេ ដើម្បីជៀសវាងពីការប្រឈមមុខនិងផ្លូវច្បាប់៕