សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧


សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​បបាត់ដំបង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បី​ណែនាំបន្ថែមដល់មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង, លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ មន្ត្រី ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និង​គោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើសកម្មភាពចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​នានា​ ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំ ជួយឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជនរបស់យើងនៅសមរភូមិមុខ ដល់ជនភៀសសឹក និង​ប្រជាជន​យើង​ដែលទទួលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមគាំទ្រអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីទប់ទល់វិបត្តិ និង​ការប្រែប្រួលនានា ទាំងក្នុងតំបន់ និងពិភពលោក ពិសេសការកើនឡើងនៃតំលៃប្រេងឥន្ធនៈ និងឧស្ម័ន សំដៅធានារក្សាស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន ធានារក្សាប្រក្រតីភាពសង្គម និង​ការ​បន្តរួមគ្នាជំរុញអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

បន្ថែមពីនេះ​ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានា​របស់​គណបក្ស ​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានាក្នុងខេត្ត និងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះ ទៅ​កាន់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេច បានបន្តថា ក្រុមការងារ និងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ក៏ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្ស​រៀង​ខ្លួន​ ដើម្បី​ធ្វើ​ជា​សេនាធិការ​ទាំង​ក្នុង​ការងារគណបក្ស និងក្នុងការងារបោះឆ្នោតរបស់គណបក្ស។

សម្តេច សង្ឃឹមជឿជាក់យ៉ាងមុតមាំថាសមាជិក សមាជិកគណបក្សទាំងអស់ និងបន្តពង្រឹង ប្តេជ្ញា​ចិត្ត​រួម​គ្នា ​ដើម្បី​នាំ​មក​នូវ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជូនគណបក្ស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕