សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបបាត់ដំបង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីណែនាំបន្ថែមដល់មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង, លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើសកម្មភាពចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំ ជួយឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជនរបស់យើងនៅសមរភូមិមុខ ដល់ជនភៀសសឹក និងប្រជាជនយើងដែលទទួលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមគាំទ្រអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីទប់ទល់វិបត្តិ និងការប្រែប្រួលនានា ទាំងក្នុងតំបន់ និងពិភពលោក ពិសេសការកើនឡើងនៃតំលៃប្រេងឥន្ធនៈ និងឧស្ម័ន សំដៅធានារក្សាស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន ធានារក្សាប្រក្រតីភាពសង្គម និងការបន្តរួមគ្នាជំរុញអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។
បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានារបស់គណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានាក្នុងខេត្ត និងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេច បានបន្តថា ក្រុមការងារ និងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ក៏ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្សរៀងខ្លួន ដើម្បីធ្វើជាសេនាធិការទាំងក្នុងការងារគណបក្ស និងក្នុងការងារបោះឆ្នោតរបស់គណបក្ស។
សម្តេច សង្ឃឹមជឿជាក់យ៉ាងមុតមាំថាសមាជិក សមាជិកគណបក្សទាំងអស់ និងបន្តពង្រឹង ប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕




























