ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦។

ពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុន សែន កោងកាង នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ លើការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការកសាងមូលធនមនុស្ស ក្រោមម្លប់សន្តិភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងលើការការពារ និងការគោរពសិទ្ធិកុមារ ដោយរំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការលប់បំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មកុមារ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សន្តិភាពដែលកម្ពុជាទទួលបានពីគោលនយោបាយឈ្នះឈ្នះ ដឹកនាំនិងដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារកុមារគ្រប់រូប និងបានយ៉ាងពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សាមគ្គីភាព និងការរួបរួមគ្នា សាមគ្គីគ្នា នឹងជួយឱ្យប្រទេសជាតិអាចសម្រេចបាននូវគោលដៅធំៗ ជាពិសេសការកសាងមូលធនមនុស្ស និងការការពារអនាគតរបស់កុមារកម្ពុជា។

ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់សិទ្ធិកុមារទៅនឹងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយមានការចែកសម្ភារសិក្សាដូចជា៖សៀវភៅ ប៊ិច កាតាប កាបូបប៊ិច ដបទឹក បន្ទាត់ ជ័រលុប ប៊ិច ប្រដាប់ខួង និងខ្មៅដៃ ជាច្រើន រួមជាមួយការផ្តល់សម្ភារកីឡា រួមមានសម្រាប់តារាងបាល់ទាត់ ចំនួន ១ឈុត តារាងប៉េងបុង ចំនួន១ ឈុត បាល់ទាត់ ចំនួន៦ បាល់ និងស្នប់ចំនួន៣គ្រឿង។

ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចូលរួមដាំកូនឈើជាច្រើនដើម ជាមួយភ្ញៀវកិត្តិយស លោគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងសាលារៀនផងដែរ៕