ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការការពារ ថែទាំ និងអភិវឌ្ឍកុមារ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្តៅ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី ឧកញ៉ា ប្រធាន និងតំណាងសហព័ន្ធ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងអាណាព្យាបាល និងកុមារស កុមារី​ សរុបប្រមាណ ៤៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា «កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ» និងជាធនធានមនុស្សដ៏មានតម្លៃដែលនឹងក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ លោកបន្តថា ការធានាសិទ្ធិ សុខុមាលភាព ការអប់រំ ការថែទាំសុខភាព និងសុវត្ថិភាពរបស់កុមារ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ហួត​ ហាក់ បានលើកឡើងថា សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធានាឱ្យកុមារគ្រប់រូបអាចរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានសិទ្ធិពេញលេញ មានឱកាសស្មើគ្នាក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ក្នុងកម្មវិធីនេះ ក៏មានការរៀបចំសកម្មភាពកម្សាន្ត និងអប់រំជាច្រើន រួមមានការសម្តែងសិល្បៈ ការឆ្លើយសំណួរយករង្វាន់ ការគូររូប និងផាត់ពណ៌ ការគូសរូបលើផ្ទៃមុខ ការពិសារអាហារសម្រន់ជុំគ្នា និងសកម្មភាពកម្សាន្តផ្សេងៗទៀត ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់កុមារ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានផ្តល់ឃីតសិក្សាដល់កុមារចំនួន ២៤៧នាក់ និងក្រុមកុមារសម្តែងចំនួន ៣៧នាក់ ដោយម្នាក់ៗទទួលបានឃីតមួយកញ្ចប់ រួមមាន សៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ និងនំ។

បន្ថែមពីនេះ ឯកឧត្តម ហួត ហាក់ និងលោកស្រី សុង ធីតា បានឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់អង្គការ PSE ដើម្បីចូលរួមគាំទ្រសកម្មភាពអប់រំ និងសុខុមាលភាពកុមារ។

កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕