ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញបើកសន្លឹកកិច្ចការបេក្ខជន និងចាប់ផ្តើមធ្វើកំណែ នៃការប្រឡងជ្រើសរើសមន្ដ្រីរាជការ


នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង៣ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។

ការបើកសន្លឹកកិច្ចការបេក្ខជន និងចាប់ផ្ដើមធ្វើកំណែនេះ គឺការប្រឡងឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ១៖ ក្រសួងយុត្តិធម៌, ២៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង៣៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

ដើម្បីធានាសុក្រឹត្យភាព និងផ្តល់ទំនុកចិត្តខ្ពស់នៅក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងការអនុវត្តនីតិវិធីនានា គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕