(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរដល់ រដ្ឋមន្ដ្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត អភិបាលខេត្តកំពង់ស្ពឺ សហគមន៍ រួមទាំងអ្នកពាក់ព័ន្ធដែលបានរួមគ្នា អភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយទទួលបានចំណាត់ថ្នាក់ A++ ដោយរបាយការណ៍ដែលបានរាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបែបនេះ បន្ទាប់ពីសម្តេចបានទៅតំបន់ខ្នងផ្សារ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តេចបានសង្កេតឃើញនៅតំបន់នេះត្រូវបានរៀបចំយ៉ាងល្អ មានសណ្តាប់ធ្នាប់ ទាំងមានការថែរក្សាបរិស្ថាន អនាម័យ និងការអភិវឌ្ឍន៍ផ្លូវថ្នលចូលទៅតំបន់នោះ ដែលធ្វើឱ្យតំបន់ខ្នងផ្សារនៅតែជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញ និងមានសក្តានុពលសម្រាប់ខេត្តកំពង់ស្ពឺ និងសម្រាប់កម្ពុជា។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «អ៊ីចឹងអ្វីដែលខ្ញុំកោតសរសើរនោះ ពេលទៅដល់នោះខ្ញុំប្រាប់រដ្ឋមន្រ្តីទាំងបី គឺបានលទ្ធផល A++ ព្រោះរាយការណ៍ឱ្យខ្ញុំ អ្វីដែលគាត់ធ្វើ អ្វីដែលមិនទាន់ធ្វើ ខ្ញុំយកទៅផ្ទៀងផ្ទាត់ជាក់ស្តែងគឺត្រូវមែន។ អ៊ីចឹងគាត់បានប្រាប់ថា គាត់បានធ្វើហើយជាពិសេសកន្លែងបែតង កន្លែងនេះ គឺយើងបានប្រែក្លាយពី កន្លែងដែលប្រជាពលរដ្ឋលក់ក្នុងតូបនោះលើដី ភក់ យើងបានរៀបស្អាត ហើយចលនានេះយើងមិនបានប្រើថវិកាជាតិទេ គឺយើងប្រើប្រាស់ថវិកា ដែលបានកៀរគរពីសប្បុរសជន យកទៅធ្វើ»។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា កន្លែងបែតងនេះ ត្រូវបានប្រែក្លាយកន្លែងដែលសុទ្ធតែជាដីភក់ ឱ្យទៅជាសួនដែលមានភាពស្រស់ស្អាត និងចំណតឡានដែលមានរបៀបរៀបរយ។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងខណៈដែលសម្តេចបានទៅលេងតំបន់ខ្នងផ្សារនាពេលថ្មីៗ សង្កេតឃើញ ប្រជាសហគមន៍ ចេះគ្រប់គ្រង ចេះរក្សាធនធានធម្មជាតិ បរិស្ថាន អនាម័យ នៅតំបន់នោះបានល្អ ដែលរក្សាបាននូវតំបន់ ឬទីតាំងដែលទាក់ទាញភ្ញៀវទេសចរណ៍ ហើយជាពិសេសនោះ ប្រជាសហគមន៍ចេះសហការគ្នាយ៉ាងល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដែលធ្វើឱ្យពួកមានជីវភាពល្អ ក្រោយពី រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ បានចាត់មន្រ្តីទៅបង្រៀនសហគមន៍ ឱ្យចេះពីរបៀបនៃការបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ រៀបចំផ្ទះសម្រាប់ការស្នាក់នៅ និងរបៀបឆុងកាហ្វេ សម្រាប់ទៅឱ្យភ្ញៀវ។
ការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចធិបតី មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ឥលូវកន្លែងនេះ ខ្ញុំសង្ឃឹមថា នឹងមាននិរន្តរភាព ចីរភាព រាប់សិបឆ្នាំទៅទៀត ហើយបើកន្លែងនេះដើរ យើងយកជាគម្រូមួយ ដោយមិនចាំបាច់យកវិស័យឯកជនយកទៅវិនិយោគនោះទេ គឺបង្រៀន សហគមន៍ដែលគាត់មានទឹកចិត្ត និងមានឆន្ទៈ ហើយចង់ចេះ និងចង់ថែទាំ និងចង់រកចំណូលរបស់គាត់នៅក្នុងវិស័យនេះ ហើយមិនចាំបាច់ទៅរកឈើ រកអីទៀតទេ។ នេះហើយគឺជាមូលហេតុ ដែលខ្ញុំទៅខ្នងផ្សារកាលពីថ្ងៃទៅ៣១ ឧសភា ខ្ញុំចង់ទៅ ដើម្បីមើលការវិវត្តិជាក់ស្តែងតែម្តង ហើយខ្ញុំពិតជាមានការត្រេកអរ ដែលក្រសួងស្ថាប័នរបស់យើង រដ្ឋមន្រ្តីទាំងបី និងចៅហ្វាយខេត្តបានសហការគ្នាធ្វើ និងអនុវត្តជាពិសេសប្រជាពលរដ្ឋនៅសហគមន៍មានការសប្បាយចិត្ត»៕


























