សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ទេទឹកពុះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ


(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក ឬវីធីផ្សេងណាមួយដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកនៅតំបន់ទេទឹកពុះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអាចប្រើប្រាស់ និងសម្រាកលម្ហែ ពេលឡើងទៅលេងតំបន់ទេសចរណ៍ខ្នងផ្សារ។ នេះបើតាមការប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ រកវិធីដោះស្រាយទឹកនៅលើពិនិត្យមើលលទ្ធភាពធ្វើទំនប់បង្ហៀរ ឬធ្វើវិធីយ៉ាងណា? ទី២ កន្លែងផ្លូវឡើងឲ្យរៀបចំជាដំណាក់ទៅកន្លែងមួយៗសុទ្ធតែមានដំណាក់អង្គុយ ឲ្យរៀបចំធ្វើមិចឲ្យធម្មជាតិកុំដាក់ កុំធ្វើអីទំនើបមិនបាច់ទេ រៀបអីធម្មជាតិទៅ។ កន្លែងដំណាក់មួយៗពេលគាត់ឈប់គាត់សម្រាក គាត់អង្គុយ ដូចនៅប្រទេសមួយចំនួន គេដាក់តែឈើ គេដាក់តែអី រៀបស្អាតហើយគេអង្គុយ ហើយទី៣ ឲ្យតទឹកព្រោះពេលដែលយើងដាក់ទុយោទឹកថ្ងៃក្រោយទេសចរម្នាក់ៗគាត់ឡើងទៅគាត់មិនបោះដបទឹកចោលទេ»

ជាមួយគ្នានេះដើម្បីរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ឲ្យបន្តនៅស្អាតបានយូរអង្វែងសម្ដេច ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ កុំបោះសម្រាម ឬដបទឹកចោលផ្ដេសផ្ដាស និងដាក់សម្រាមនៅក្នុងស្បោង ឬកាតាបរបស់ខ្លួនត្រឡប់ចុះមកវិញដើម្បីជួយថែរក្សាបរិស្ថានទាំងអស់គ្នា។

ខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលត្រូវបានគេចាត់ទុកជា ឋានសួគ៌ធម្មជាតិ ប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ តំបន់នេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយសំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្ញៀវទេសចរអាចទៅទស្សនាតំបន់នេះតាមរយៈការឡើងភ្នំបោះតង់ និងទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតពីពយខ្នងផ្សារ។ តាមរឿងព្រេងនិទាន អ្នកស្រុកបាននិយាយថា កាលពីដើមឡើយ កំពូលភ្នំខ្នងផ្សារនេះ គឺជាទីផ្សារសម្រាប់ធ្វើជំនួញជួញដូររវាងប្រជាជនម្ចាស់ស្រុក និងពាណិជ្ជករមកពីនាយសមុទ្រ ទើបជាប់ឈ្មោះថា «ភ្នំខ្នងផ្សារ» រហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ ដើម្បីជំរុញទេសចរណ៍លំហែបៃតង៕