(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាមនៅព្រំដែន ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ គឺមិនបញ្ឈប់នោះឡើយ នឹងនៅតែបន្តការអភិវឌ្ឍ ខណៈបច្ចុប្បន្ននេះសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ហើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅតំបន់ខ្នងផ្សារ យើងបានធ្វើការកែរសម្រួលមួយចំនួន យើងបានធ្វើហេរដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ រៀបចំជាផ្សារសហគមន៍ រៀបចំជាកន្លែងលំហែបៃតង, ក្នុងនោះសម្តេចក៏បានណែនាំឱ្យរៀបចំជាកន្លែងដំណាក់សម្រាប់សម្រាកជាលក្ខណៈធម្មជាតិ និងរៀបចំដោះស្រាយតភ្ជាប់ទឹកឡើងលើ ដើម្បីឱ្យអ្នកទេសចរឡើងភ្នំខ្នងផ្សារ ទៅអាចបើកទឹកដើម្បីប្រើប្រាស់បានផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យអ្នកទេសចរទាំងអស់ ចូលរួមថែរក្សាបរិស្ថានទាំងអស់ កុំបោះសំរាម និងបោះដបទឹកចោល គួរដាក់ក្នុងស្បោង ឫដាក់ក្នុងកាតាបរៀងៗខ្លួន ដើម្បីចូលរួមជួយថែរក្សាបរិស្ថានទាំងអស់គ្នា។
ជាមួយនឹងការអភិវឌ្ឍទៅកាន់តំបន់ខ្នងផ្សារនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ទោះបីជាសង្គ្រាមក៏ដោយ តែការការអភិវឌ្ឍនេះមិនទាន់ឈប់នោះទេ ទី១ ផ្លូវបានឈូសពីផ្លូវឱរ៉ាល់ កោះកុង ហើយផ្លូវឱរ៉ាល់ កោះកុងនេះកំពុងចាប់ផ្តើមធ្វើ ហើយទៅមុខទៀតនឹងធ្វើជាផ្លូវកៅស៊ូ ចឹងអ្នកកំពង់ស្ពឺ ទៅកោះកុង នឹងមានផ្លូវបន្ថែមទៀត ហើយចប់ពីនេះនឹងមកកាត់តាមទេរទឹកពុះ មកកាត់តាមឱរ៉ាល់ ហើយតំបន់ឱរ៉ាល់នេះក៏អរគុណដល់ក្រសួងអភិវឌ្ឍជនបទ និងក្រសួងបរិស្ថាន ក៏បានឈូសផ្លូវចូលខ្លះហើយដែរ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងរដ្ឋមន្ត្រីបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលអភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយសម្តេចបានឱ្យចំណាត់ថ្នាក់ A++ ព្រោះត្រូវគ្នាជាមួយរបាយការណ៍ និងនៅលើដីជាក់ស្ដែង។
ភ្នំខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិបែបព្រៃព្រឹក្សា និងដើរផ្សងព្រេងឡើងភ្នំបោះតង់ដ៏ពេញនិយមមួយនៅកម្ពុជា ដែលប្រសព្វគ្នាត្រង់ចំណុចខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ ដើម្បីជំរុញទេសចរណ៍លំហែបៃតង។ ដើម្បីឡើងភ្នំ ភ្ញៀវទេសចរត្រូវស្រង់ឈ្មោះ និងតម្រូវឱ្យមានប្រជាសហគមន៍ទៅជាមួយដើម្បីជួយមើលការខុសត្រូវ ការពារ ស្ពាយឥវ៉ាន់ និងរៀបចំម្ហូបអាហារ។ ភ្ញៀវទេសចរគួរត្រៀមអាហារក្រៀមៗ ទឹកសម្រាប់ញ៉ាំ និងឧបករណ៍បោះតង់ ប៉ុន្តែប្រសិនបើមិនមាន អាចជួលពីប្រជាសហគមន៍បាន៕


























